Last String Of Kong Ming

‎ដង្ហើមចុងក្រោយរបស់នាគដេក‬

ដង្ហើមចុងក្រោយរបស់នាគដេក‬
The Last String of Kong Ming

 

នៅលើលោកយើងនេះ មានរបស់ពីរមុខដែលសំខាន់សម្រាប់មនុស្ស
ទីមួយគឺលុយ (Money) និងទីពីរគឺសេចក្តីសុខដែលមានការ ជាប់ពាក់
ព័ន្ធគ្នារវាងស្នេហា អំណាច សុខភាព និងសុវត្តិភាព។ អ្វីដែលគួរឲ្យគត់
សំគាល់នោះគឺ មនុស្សរត់តាមលុយ ហើយពេលខ្លះ មនុស្សយល់ព្រម
ធ្វើគ្រប់បែបយ៉ាង មិនថាវាជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ដើម្បីតែរឿង
លុយ។ តើនេះជាកំហុស ជាអកុសល្យ ឬសង្គមមនុស្សគឺត្រូវរស់នៅបែប
នេះ? នៅក្នុងអត្ថបទ “ដង្ហមចុងក្រោយ របស់នាគដេក The last string
of Kong Ming” យើងនឹងធ្វើការបកស្រាយ ពីហេតុផល ដើម្បីច្បិចយក
អត្ថប្រយោជន័ សម្រាប់មិត្តអ្នកអាន ជាពិសេស គឺអ្នករកប្រាក់ចំណូល
តាមប្រព័ន្ធអ៊ីនធើណិត។

 

សម្លេងពិណបានបង្ហាញពីសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយចិត្ត
ស្ងប់ មិនព្រួយបារម្ភអំពីរឿងច្បាំង បានបង្ហើរពីលើទ្វាក្រុងយ៉ាងពិរោះ
រណ្តំចិត្ត។ នេះគឺជាសម្លេងពិណរបស់លោក នាគដេក ជូកឺខុងមីង
កំពុងតែដេញ ប្រកបដោយចិត្តស្ងប់ស្ងាត់ ក្លាហាន និងដោយភាព
ស្ទាត់ជំនាញ។ លាយឡំជាមួយនឹង សំរឹបជើងទាហាន រាប់សែននាក់
ដែលដឹកនាំដោយមេទ័ពខ្លាំងខាងការពារក្រុង ស៊ឺម៉ាអ៊ី កំពុងធ្វើដំណើរ
ទៅកាន់តែជិតចូលដល់ទ្វាក្រុង។ រីឯទីក្រុងនោះ នៅទទេស្អាត គឺគ្មាន
ទាហានសូម្បីតែម្នាក់ ហើយទ្វាក្រុងក៏បើកចំហរ ហាក់បីដូចកំពុង
រង់ចាំភ្ញៀវឲ្យចូលមកលេង រីឯភ្ញៀវនោះគឺ កងទ័ពរបស់ ស៊ឺម៉ាអ៊ី កំពុង
ចង់វាយក្រុងនេះឯង (សូមមើលវីដេអូតាមលីងខាងក្រោយដើម្បីឲ្យ
យល់ច្បាស់)។ គាត់បានបិទភ្នែក ផ្ទៀងស្តាប់ សម្លេងពិណ ដែលកំពុង
ដេញទៅតាមចង្វាក់របស់វា។ ឃើញសភាពបែបនេះ មេទ័ពធំ ក៏បញ្ជា
ទាហានរាប់សែនរបស់គាត់ឲ្យដកថយ ត្រលប់ក្រោយវីញ ទ័ពក្រោយ
ធ្វើទ័ពមុខ ទោះបីជាមានការជំទាស់ពីមេទ័ពខ្លះក៏ដោយ។


 

វិភាគចំពោះព្រឹត្តិការណ៍ខាងលើនេះបន្តិច។ យើងដឹងថា នៅក្នុងក្រុង
មានទាហាន តែពីរបីពាន់នាក់ប៉ុណ្ណោះ ហើយភាគច្រើនជាទាហាន
របួស និងពិការ។ រីឯ ស៊ឺម៉ាអ៊ី នៅពេលនេះ គឺមានទ័ពរាប់សែន។ ដូច្នេះ
យើងអាចយល់ច្បាស់ថា វាគឺជា “ដង្ហើមចុងក្រោយរបស់នាគដេក”។
បើសិន ស៊ឺម៉ាអ៊ី បញ្ជាទ័ពវាយក្រុងតែបន្តិច ក៏ហាក់បីដូចជា ខ្លាសង្គ្រប់
ចាប់ចំណី ឬដូចចាប់ចាបក្នុងទ្រុងអញ្ចឹង គេចមិនផុតពីក្តីស្លាប់នោះទេ។
អាចរាប់ទុកថា ជានាទីដ៏គ្រោះថ្នាក់បំផុត និងគួរឲ្យភ័យញាក់សាច់។
បើសិនជា ជូកឺលាង ហ៊ានលេងខុសបទតែបន្តិចនោះ ស៊ឺម៉ាអ៊ី ក៏មិនព្រម
ដកទ័ពថយងាយៗនោះដែរ។ សំលេងពិណពេលនេះ ខុងម៊ីងចង់ប្រាប់ថា
“ឯងឆាប់ចូលមក យើងមិនខ្លាចទេ យើងបើកទ្វាចំហរឲ្យចូល នៅខាង
ក្រោយខ្នងយើង នៅមានបង្កប់ទ័ពរាប់សែន រង់ចាំកប់សាកសព្វទាហាន
ដែលនាំមកនេះ”។

 

យុទ្ធសាស្ត្រទីក្រុងទទេ ជាយុទ្ធសាស្ត្រទី៣២ នៃយុទ្ធសាស្ត្រទាំង៣៦។
យុទ្ធសាស្ត្រនេះ គឺវាមានគ្រោះថ្នាក់បំផុត បើសិនជាអ្នកប្រើប្រាសមិន
ចេះវិភាគស្ថានការណ៍សឹក ឲ្យបានច្បាស់លាស់។ ព្រោះថា បើសិនជា
ដៃគូប្រកួតអត់ខួរ នោះអាចនឹងគ្រោះថ្នាក់ដល់ខ្លួនឯងជាក់ជាមិនខាន។
យើងអាចមើលឃើញថា ជូកឺលាង បានប្រើប្រាសយុទ្ធសាស្ត្រនេះបាន
យ៉ាងមានប្រសិទ្ធិភាព មិនតែប៉ុណ្ណោះ គាត់បានបន្ថែមលើសពីអ្វីដែល
មានក្នុងយុទ្ធសាស្ត្រដើម គឺការលេងពិណ បញ្ជាក់ពីភាពក្លាហាន និង
មិនខ្លាចញញើតចំពោះសង្គ្រាមនៅខាងមុន។ តាមធម្មតា យុទ្ធសាស្ត្រ
ទីក្រុងទទេ ត្រូវបានគេយកមកប្រើប្រាស នៅពេលចាញ់សឹក ព្រោះថា
នៅក្នុងយុទ្ធសាស្ត្រ ពេលបរាជ័យ គឺមាន៦យុទ្ធសាស្ត្រគឺ៖ ស្រីស្អាត
ទីក្រុងទទេ ច្រវ៉ាក់ ទារុណខ្លួនឯង រត់យករួចខ្លួន និង បិទទ្វាចាប់ចោរ។
បកមកអ្នករកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិតវិញ ការដែលយើង
ប្រើប្រាសវិធីសាស្រ្តបែប មួកខ្មៅ (Blackhat) ជារៀងរហូតមកនេះ មិន
រាប់ទុកថាជាការប្រើយុទ្ធសាស្រ្ត ឈ្នះសឹកអ្វីនោះទេ គឺវាគ្រាន់តែជា
យុទ្ធសាស្រ្តពេលបរាជ័យ និងទ័លច្រកប៉ុណ្ណោះ។ លុះត្រាតែដល់
ដំណាក់កាលចុងក្រោយ ទើបគេលើកយកយុទ្ធសាស្រ្ត មួកខ្មៅទាំងនេះ
មកប្រើប្រាស។ យើងនឹងធ្វើការពន្យល់ នូវវិធីសាស្រ្ត ទាំងអសនេះ
ពីមួយចំណុចទៅមួយចំណុច។

 

វិធីសាស្ត្រមួកខ្មៅ Blackhat Script/Code

យើងអាចឃើញថា ការបិទទ្វាចាប់ចោរ ដែលមនុស្សប្រើជាមួយ
Google AdSense កន្លងមក អាចទទួលបានជោគជ័យក្នុងរយះពេលខ្លី ឬ

ក្នុងកំឡុងពេលណាមួយ។ រហូតមកដល់សព្វថ្ងៃនេះ យើងក៏អាចដឹង
បានទៀតដែរថា ការរឹតបណ្តឹង គឺមានកាន់តែខ្លាំងចំពោះអ្នកដែលប្រើ
វិធីសាស្រ្ត ទាំងអស់នេះ។ គួរយល់ដឹងថា វិធីសាស្រ្ត (Code/Script) ទាំង
អស់នេះ ត្រូវបានគេយកមកប្រើប្រាស់នៅលើ ពិភពមួកខ្មៅ តាំងតែពី
ឆ្នាំ2010 ម៉្លេះបើខ្ញុំស្មានមិនខុសទេ។ ម៉្លោះហើយ យើងមិនអាចលួចលាក់
និងយកផលចំណេញពីវិធីសាស្រ្តនេះ បានតទៅទៀតដោយងាយស្រួល
នោះទេ។ ព្រោះបើសិនជា Google ព្យាយាមចាប់ អ្នកដែលប្រើប្រាស
វិធីសាស្រ្តនេះ គឺវាមានភាពងាយស្រួលជាទីបំផុត។ ម៉្យាងទៀត Google
នៅមាន Screen Capture Clicks ដែលជាវិធីសាស្រ្តមួយ ងាយស្រួល
បំផុតដើម្បីឲ្យដឹងថា តើការចុចមួយនោះ ចេញមកពីទីតាំងណា នៃផ្ទាំង
ពាណិជ្ជកម្មរបស់អ្នក។ នៅប្រទេស អាមេរិកមានមនុស្សមួយចំនួន ត្រូវ
បានចាប់ខ្លួន និងជាប់ពន្ធធរនាគារ ដោយសារប្រើវិធីសាស្រ្ត មួកខ្មៅជា
មួយ Google នេះឯង។ នេះគ្រាន់តែអ្វីដេលយើងគួរយកមកពិចារណា
ប៉ុណ្ណោះ។ ដូច្នេះ អ្នកដែលចូលចិត្ត ចែកចាយ និងបង្រៀនគេ ក្នុងការ
ធ្វើវិធីសាស្រ្ត Blackhat គួរតែពិចារណាពីលទ្ធផលចុងក្រោយនេះផង។

 

វិធិសាស្រ្តដែលអ្នកប្រើក្នុងការ ស្ពាមគ្រុប

ភាគច្រើន អ្នកដែលរកលុយបានច្រើន សព្វថ្ងៃនេះ គឺកំពុងតែស្ពាមគ្រុប
(FB Groups) សុទ្ធសាធ។ មិនត្រឹមតែស្ពាមលីងនោះទេ ថែមទាំងស្ពាម
ដោយរូបភាព អាសអាភាសយ៉ាងពេញទំហឹងទៀតផង។ បងប្អូនជនរួម
ជាតិទាំងអស់គ្នាអើយ អ្នកទាំងអស់គ្នាហារមាត់ឡើងថា ស្រឡាញ់ជាតិ
ស្រឡាញ់ខ្មែរ។ ហារមាត់ឡើងថាខ្លួនជាមនុស្សមានគុណធម៌ មនុស្សល្អ
និង ជាពលរដ្ឋដែលមានភក្តីភាពចំពោះ ខ្លួនឯង ក្រុមគ្រួសារ និងសង្គម។
តែសួរថា បើសិនជាព្យាយាមគ្រាន់តែរកលុយ តែបំផ្លាញរចនាសម្ព័ន
នៃសង្គមបែបនេះ តើវាសក្តិសមដែរឬទេ? តើឲ្យក្មេងជំនាន់ក្រោយ ដូចជា
ប្អូនរបស់អ្នក កូនរបស់អ្នក និងចៅរបស់អ្នក ដើរតាមកន្លងធម៌ និងសង្គម
មួយប្រកបដោយ សេចក្តីថ្លៃថ្នូរដោយរបៀបណា? នេះមិនមែនជាការស្តី
បន្តោសនោះទេ តែសូមយើងព្យាយាមគិតទាំងអស់គ្នា ថាទង្វើបែបនេះ
វាសក្តិសមឲ្យយើងលើកដាវ ដើម្បីចាក់ខ្លួនឯងសម្រក់ឈាមមួយតំណក់
ម្តងៗបែបនេះដែរទេ? ជាការពិត យើងមិនអាចប្រៀបធៀបខ្លួនឯងទៅនឹង
មនុស្សអាក្រក់បានទេ ព្រោះយើងគិតថាយើងជាមនុស្សល្អ? ជាទូទៅ អ្នក
ដែលចូលចិត្ត ស្ពាមគ្រុបដើម្បីរកលុយ មិនសូវមានការងារទៀតទាត់ និង
មានស្តង់ដាពិតប្រាកដនោះទេ គឺធ្វើការទៅតាមការចង់បានតែមួយពេល
ប៉ុណ្ណោះ ថែមទាំងលះបង់ពេលវេលា ឃ្លាតឆ្ងាយមិត្តភ័ក្រ គ្រួសារ និង
ប្រពន្ធកូន ដើម្បីឲ្យតែបានអង្គុយនៅមុខកញ្ចក់បួនជ្រុងដែល យើងហៅថា
កុំព្យូទ័រប៉ុណ្ណោះ។ សូមពិចារណា និងឲ្យតម្លៃខ្លួនឯងឲ្យបានច្រើនជាងនេះ
។ មែនហើយ នេះជាមូលហេតុដែលខ្ញុំបង្កើតដំបងប្រាំពណ៌ ដែលជាគោល
ការណ៍ផ្ទាល់ខ្លួន សម្រាប់អនុវត្តន៍។

 

ការទិញ Traffic ពីអ្នកលក់នៅលើអ៊ីនធើណិត

ការទិញភ្ញៀវឲ្យចូលមកទស្សនា ឬប្រើប្រាស់ VPN ដើម្បីចុចលើពាណិជ្ជ
កម្មដោយខ្លួនឯង គឺគ្រាន់តែជាក្បួនចាស់ទេ។ ការទិញភ្ញៀវឲ្យចូល
ទស្សនាវិញ ភាគច្រើនគឺ Google អាចដឹងបានច្បាស់ណាស់ បើសិនជា
គេធ្វើការតាមដាន ព្រោះថាភ្ញៀវទាំងអស់នោះ គ្រាន់តែមើលវិបសៃថ៍របស់
អ្នកជាលក្ខណៈ Frame ប៉ុណ្ណោះដូចដែលអ្នកធ្លាប់បានឃើញ នៅលើ
Addmefast អញ្ចឹង។ មានអ្នកលក់ Traffic ខ្លះទៀតគឺបានត្រឹមតែ ប្រើ
Software/Tool/Bot ដើម្បីឲ្យចូលមកទស្សនាប៉ុណ្ណោះ។ គួរយល់ដឹងថា
IP ដែលគេចែកចាយឲ្យប្រើជាសាធារណៈ មិនមែនជារបស់ល្អនោះទេ។
ម៉្លោះហើយ ការទិញភ្ញៀវមិនមែនជាតំណោះស្រាយពិតសម្រាប់ អ្នករក
ប្រាក់ចំណូលតាម AdSense ទេ។

មានមនុស្សមួយចំនួនព្យាយាមទិញ VPN ដើម្បី លាក់ទីតាំងដែលខ្លួនឯង
ចូលទស្សនា និងចុចទៅលើផ្ទាំងពាណិជ្ជកម្ម។ តាមក្បួននេះ បើសិនជា
ការចុចនោះ វាកើតមានតិចតួច គឺមិនទាន់ជាអ្វីនោះទេ តែបើសរុបប្រចាំ
ខែទៅ វាអាចកើតមានការចុចបែបនេះច្រើន នៅក្នុងរបាយការណ៍។ តើ
Google អាចដឹងបានដោយរបៀបណា? តាមធម្មតា IP ទាំងអស់ដែល
គេដាក់ឲ្យប្រើនៅលើ VPN នោះគឺជា IP ងាយនឹងស្ពាមណាស់ ហើយម៉្យាង
ទៀត វាអាចស្ថិតនៅក្នុង បញ្ជីកត់ត្រាទុករបស់ Google ទៀតផងថា IP
ដែលចុចមកទាំងអស់នេះ មិនមានគុណភាព និងសុវត្តិភាពគ្រប់គ្រាន់
សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម របស់Google។ ដូច្នេះ ការទិញភ្ញៀវ

ទស្សនា និងការប្រើប្រាសសេវាកម្ម VPN ក៏មិនមែនជាជំនួញវែង

ឆ្ងាយ និងត្រឹមត្រូវដើម្បីឲ្យយើង ដើរដោយសុវត្តិភាពដែរ។

 

ការចុចដែលមិនរាប់ជាសាច់ការ Invalid Clicks & Activities

ការប្រើប្រាសយុទ្ធសាស្រ្តបែបមួកខ្មៅ (ខុសច្បាប់) ទាំងនេះ ភាគច្រើន
បង្កឲ្យមាន Invalid Clicks, Invalid Activities, Click fraud ។ល។ បើ
សិនជា ក្រុមហ៊ុន Google មិនអាចចាប់បានពីសកម្មភាពរបស់យើង នៅ
លើវិបសៃថ៍នោះទេ គេក៏អាចដឹងតារយះរបាយការណ៍ខុសប្រក្រតីទាំង
ឡាយផងដែរដូចជា៖

– ភាពឡើងចុះខុសធម្មតា នៃប្រាក់ចំណូល
– ចំនួនអ្នកចុចច្រើនពេល បើគិតទៅលើ CTR
– ចំនួនអ្នកចុចមិនរាប់ជាសាច់ការ (Invalid Clicks) មានច្រើន

យើងធ្វើការបកស្រាយបន្តិចអំពីរឿង Invalid Clicks ។ ហេតុអ្វីក៏មាន
Invalid Clicks ច្រើនម៉្លេះ ដែលធ្វើឲ្យ Google កាត់លុយទៅវិញនៅ
របាយការណ៍ចុងខែ? គ្មានអ្វីគួរឲ្យសង្ស័យនោះទេ។ និយាយឲ្យខ្លី
និងងាយយល់គឺ នៅពេលដែលភ្ញៀវម្នាក់ចូលមក វិបសៃថ៍របស់អ្នក
បម្រុងចុចមើលវីដេអូ (ឧទាហរណ៍) ពេលចុចទៅ គឺមិនបានបើកមើល
វីដេអូនោះទេ តែបែរជានាំទៅរក វិបសៃថ៍ផ្សេងខុសគោលដៅទៅវិញ។
លក្ខណៈបែបនេះធ្វើឲ្យ ភ្ញៀវម្នាក់នោះបិទវិញភ្លាម ឬចុចបូតុងត្រលប
ក្រោយដើម្បីមកមើលវីដេអូនោះវិញ ហើយថាមិនត្រូវអ្នកចុចនោះដឹង
ថាវិបសៃថ៍របស់យើងគឺ លួចចំនួនចុចតាមក្បួនមិនល្អ ក៏រាយការណ៍
ទៅ Google ភ្លាម។ ហើយ Google ក៏ចុះមកសុើបអង្កេត ចុងក្រោយ
គឺបិទអាខោនឹងឯង។ ដូច្នេះ កុំនិយាយថា Google លួចលុយរប់សយើង
ទៀត គឺយើងនោះទេ ដែលជាអ្នកលួចលុយរបស់ Google ហើយលួច
ស្រស់ៗទៀតផង។

 

ដង្ហើម និងយុទ្ធសាស្រ្តចុងក្រោយ

ដើម្បីឲ្យតែបានស្បៀងសម្រាប់កងទ័ព ខុងមីង សុខចិត្តប្រថុយនឹងគ្រោះ
ថ្នាក់ ក្នុងការប្រើយុទ្ធសាស្រ្ត ទីក្រុងទទេ និងលេងពិណនៅលើទ្វាក្រុង
ដោយមិនខ្លាចស្លាប់។ ដោយសារទ័លច្រក បានជាបង្ខំចិត្តធ្វើបែបនេះ
ហើយក៏កម្រនឹងមានលើកទីពីរណាស់។ ដោយសារអ្នកទាំងអស់គ្នាទ័ល
ច្រក ទើបព្យាយាមធ្វើកិច្ចការ ដែលមិនគួរឲ្យធ្វើបែបនេះ។ ទាំងអស់នេះ អាច
រាប់ទុកថាជា អកុសល្យ និងក៏អាចរាប់ទុកថាការគិតខុស និងកំហុស
តែមូួយពេល។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវការដង្ហើមចុងក្រោយ
មួយ ក្នុងការដើរទៅរកភាពជោគជ័យពិតប្រាកដមួយ ជាមួយនឹង
Google AdSense។ ផ្លូវដើរនោះពិតជាមាន តែអ្វីដែលខ្វះនោះគឺចិត្តរបស់
អ្នកវិញនោះទេ។ បើសិនជាផ្នត់គំនិតរបស់អ្នក មានត្រឹមតែប្រាក់ចំណូល
ត្រឹមប៉ុណ្ណឹង ហើយធ្វើកិច្ចការមិនខ្វល់ខ្វាយនឹងពាក្យ គុណធម៌នោះ គឺ
កុំនឹកស្មានថា អ្នកបានជោគជ័យពិតប្រាកដឲ្យសោះក្នុងជីវិតនេះ។ ហើយ
ជោគជ័យដែលកើតឡើងពី មួយខ្មៅ ស្ពាម និងឡូកឡំនឹងភាពអាសអា
ភាស គឺមិនមែនជាជោគជ័យពិតប្រាកដសម្រាប់ជីវិតអ្នកនោះទេ។ ស៊ូដើរ
យឺតតែមិនដើរខុសផ្លូវ។ ចាប់ពីពេលនេះទៅ ចូរព្យាយាម ឲ្យតម្លៃខ្លួនឯង
ឲ្យបានច្រើនជាងមួកខ្មៅ និងចាប់ផ្តើមសមិទ្ធិផលពិតប្រាកដមួយ នៅក្នុង
អាណាចក្រអេដសិនស៍ថ្មីនេះ។ ទឹកប្រាក់ចំនួនប្រាំដុល្លារដែលអ្នករកបាន
ដោយ គំនិតរបស់អ្នក និងប្រើយុទ្ធសាស្រ្តត្រឹមត្រូវមួយ គឺវាមានតម្លៃបំផុត
សម្រាប់អ្នក ក្រុមគ្រួសារអ្នក និងសង្គមរបស់អ្នក។ កុំដើរតាមអ្នកដែលផុស
រូបភាព រកលុយបានរាប់រយដុល្លារក្នុងមួយថ្ងៃឲ្យសោះ ត្រូវយល់ច្បាស់ពី
សភាពពិតនៃសាច់រឿងនេះ ប្រសើរជាង ធ្វើកិច្ចការដោយងងឹតងងុល។

 

 

ស្វែករកការពិត និងកិច្ចការត្រឹមត្រូវ

បងប្អូនរាល់គ្នានិយាយប្រាប់គេថា ខ្ញុំ “Make Money Online” ។ តើអ្នក
ដឹងដែរទេថា ពេលគេសួរខ្ញុំថា តើអ្នកធ្វើការអី? ខ្ញុំតែងតែឆ្លើយប្រាប់គេថា
ខ្ញុំគ្មានការងារពិតប្រាកដនោះទេ។ ហេតុអ្វីទៅ? ព្រោះពាក្យថា “Make
Money Online” នេះត្រូវបានមនុស្សមួយចំនួនធំ ធ្វើឲ្យខូចទៅហើយ
ហើយក៏គ្មានមុខអ្វី និយាយជាមួយគេថា ខ្ញុំរកលុយតាមបែបសុច្ចរឹតដែរ។
ពេលខ្លះ វាធ្វើឲ្យយើងអស់គុណតម្លៃ និងខូចឈ្មោះទៀតផង ដោយសារ
រឿងមួកខ្មៅ ស្ពាម និងអាសអាភាសនេះ។ ជាការពិត ការប្រើយុទ្ធសាស្រ្ត
មួកខ្មៅដែលបានរៀបរាប់មកនេះ មិនមែនត្រឹមតែខុសច្បាប់ របស់
Google AdSense នោះទេ ថែមទាំងជាអំពើល្មើសច្បាប់ ក្នុងការ
ធ្វើជំនួញ និងអាជីវកម្មទៀតផង។ សូមបងប្អូន គិតឲ្យច្បាស់!

 

ការរកប្រាក់ចំណូលពិតជាមួយ Google AdSense មិនមែនដូចអ្វីដែល
មនុស្សមួយចំនួនធ្លាប់គិតនោះទេ។ វាមិនមែនជារឿង ធ្វើហើយចេញ
លុយភ្លាម ដោយមិនចាំបាច់ចេះអ្វីនោះដែរ។ យ៉ាងហោចណាស់ អ្នក
ក៏ត្រូវការភាសាអង់គ្លេស ដើម្បីជាចង្កៀងបង្ហាញផ្លូវ ឲ្យដើរទៅមុខដែរ។
មានមនុស្សមិនតិចជាង៣០នាក់ទេ ដែលសុំឲ្យខ្ញុំបង្រៀនឲ្យរកប្រាក់
ចំណូលតាមអ៊ីនធើណិតនេះ។ តែខ្ញុំតែងតែបដិសេធរហូត តើហេតុអ្វី?
មួយចំនួនធំគ្រាន់តែចង់ឃើញសមិទ្ធិផលច្រើនភ្លាមៗ នៅក្នុងបរិបទ
មួយដែលមនុស្សបានធ្វើឲ្យខូចរួចស្រេចទៅហើយ។ ដូច្នេះបើសិនជា
មនុស្សម្នាក់ព្យាយាមជួសជុលវាឡើងវិញ ក៏មិនប្រាកដថា អាចទៅរួច
100% ដែរ។ អ្វីដែលសំខាន់នោះគឺ ត្រូវធ្វើឲ្យផ្នត់គំនិតរបស់មនុស្ស
យល់ឲ្យបានច្បាស់សិនអំពីរឿងរ៉ាវទាំងអស់នេះ ដើម្បីកុំឲ្យដើរដល់
ផ្លូវទ័ល គ្រោះថ្នាក់ដល់អ្នករៀន ព្រមទាំងអ្នកដែលបង្រៀនទៀត។
នៅពេលសត្វពស់ខ្ជាក់ពិសអស់ពីខ្លួន ជាទូទៅ ក្នុងបរិបទដែលច្របូក
ច្របល់ តែងតែត្រូវបានគេមាក់ងាយ និងឲ្យតម្លៃមិនស្មើនឹងពស់ព្រលឹត
ដែលជាពស់គ្មានពិសមួយក្បាលផង។

ពាក្យចាស់ពោលថា “ថ្នាំល្វីង ទើបអាចព្យាបាលជម្ងឺ”។ ខ្ញុំបកស្រាយ
សម្តីក្នុងចិត្ត សង្ឃឹមថា មិត្តអ្នកអានមិនប្រកាន់ បានយល់ច្បាស់
និងមើលឃើញពីទិដ្ឋភាពពិតនៃរបបរមួយនេះ ព្រមទាំងស្គាល់ផ្លូវ
កាន់តែច្បាស់។ ដូច្នេះរាល់ពេលដែលអ្នក ស្វែងរកអ្នកនាំផ្លូវ ឬគ្រូ
បង្រៀន ក៏ត្រូវគិតពិចារណាឲ្យបានច្បាស់ថា អ្នកចង់បានអ្វីពិត
ប្រាកដអំពីការសិក្សានេះ អ្វីជាសមិទ្ធិផលពិតរបស់វា!

អត្ថបទ “ដង្ហើមចុងក្រោយរបស់នាគដេក” ដែលខ្ញុំព្យាយាមសរសេរ
មកនេះ សង្ឃឹមថា អាចជាគំនិតមានប្រយោជន៍តូចមួយសម្រាប់
អស់អ្នកដែលកំពុង ឬចង់ប្រឡូកក្នុងមុខជំនួញនេះ។ សង្ឃឹមថា
អ្នកដែលបានអានចប់ នឹងព្យាយាមធ្វើវាឲ្យកាន់តែល្អ និងជៀស
ផុតពីការរត់តាមលុយ ដោយមិនពិចារណាច្បាស់លាស់ចំពោះ
ទង្វើរបស់ខ្លួន។ វាមិនមែនជាអត្ថបទល្អ គ្រប់ជ្រុងជ្រោយនោះទេ

ហើយបើសិនជាមានការខុសឆ្គងត្រង់ណានោះ សូមមេត្តាអភ័យ
ទោស។

 

បើសិនជាអ្នក បានអានអត្ថបទនេះ ចប់ទាំងស្រុង និងយល់ថាល្អ
សូមជួយ ចែករំលែកឲ្យមិត្តអ្នកបានដឹងផង! សូមអរគុណ!

បញ្ជាក់៖ ខ្ញុំព្យាយាមសរសេរ រឿងពិត និងភាពត្រឹមត្រូវ ហើយមិន
ចង់សំដៅទៅលើបុគ្គល វាយប្រហារ ឬមួលបង្កាច់ចំពោះកិច្ចការ
នរណាមួយឡើយ! សូមកុំព្យាយាមយករឿងនេះជារឿងលាបពណ៌។
និពន្ធដោយ៖ ស៊ូគូ ហុង
ត្រួតពិនិត្យអក្ខរាវិរុទ្ធដោយ៖ ម្យូរ៉ា ត្រដាងស្លាប