2 birds 1 arrow

ព្រួញមួយបាញ់សត្វពីរ‬

ព្រួញមួយបាញ់សត្វពីរ‬
Two Birds One Arrow‬

តាមទ្រឹស្តីសម្ព័ន្ធ (Relativity Theory) របស់ អាលបឺត អាញស្តាញ (Albert Einstein) បាននិយាយថា ក្នុងលោកយើងនេះ គ្មានវត្ថុណាដែលមានល្បឿនលឿនជាងពន្លឺទេ។ ដូច្នេះ បើសិនជាយើងអាចធ្វើបម្លាស់ទីលឿនជាងពន្លឺបាន យើងក៏ប្រហែលជាអាច គ្រប់គ្រង ឬបង្វិលពេលវេលា ដើម្បីត្រឡប់ទៅអតីតកាលដែរ ដែលរឿងនេះអ្នកវិទ្យាសាស្រ្ត បានឲ្យឈ្មោះថា វ៉មហូល (Wormhole)។ ជួនកាល ខ្ញុំតែងតែគិតថា បើសិនជាអាចបង្វិល ពេលវេលាឲ្យថយក្រោយបាន ១០ ឬ ២០ឆ្នាំ ខ្ញុំនឹងធ្វើឲ្យជីវិតរបស់ខ្ញុំបានប្រសើរជាងនេះ ជោគជ័យជាងនេះ ហើយមិនឲ្យរឿងអាក្រក់ និងលំបាកៗទាំងឡាយ កើតឡើងបាន ក្នុងឆាកជីវិតនេះទេ។ ជាការពិត ខ្ញុំសរសេរអត្ថបទនេះឡើង ដើម្បីជាជំនួយដល់បងប្អូន ដែលចង់ឲ្យលទ្ធផល នៃការងាររបស់ខ្លួន ទទួលបានទ្វេគុណ ឬត្រីគុណ ។ដូចជាពាក្យចាស់មួយឃ្លាបានពោលថា “ព្រួញមួយបាញ់សត្វពីរ”។ មិនថាតែអ្នកធ្វើជំនួញ ឬអ្នករកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិតនោះទេ គឺវាអាចជួយឲ្យអ្នក គិតម្តងទៀតថា តើមានអ្វីដែលខ្ញុំធ្វើខុស និងមិនបានធ្វើ ដើម្បីឲ្យកិច្ចការរបស់ខ្ញុំទទួលបានលទ្ធផលល្អបំផុត?
ការបង្កើតថវិកានៅលើអ៊ីនធើណិត វាមិនខុសអ្វីអំពី ការធ្វើជំនួញនោះទេ។ ដូច្នេះយើងត្រូវការជាចាំបាច់នូវ ចំណេះដឹង ជំនាញ យុទ្ធសាស្រ្ត វិធីសាស្រ្ត ព្រមទាំងការធ្វើផែនការមួយ ដ៏ត្រឹមត្រូវ ដើម្បីកុំឲ្យយើងមានការស្តាយក្រោយ ជួបបញ្ហា និងបរាជ័យ។ មូលហេតុខ្វះចំណេះដឹង និងព័ត៌មានដែលទាក់ទងនឹង ការបង្កើតថវិកាតាមអ៊ីនធើណិតនេះហើយ ដែលជាបញ្ហាធំ ធ្វើឲ្យមនុស្សភាគច្រើនទទួលបរាជ័យចំពោះ Google AdSense នៅក្នុងស្រុកនាប៉ុន្មានខែចុងក្រោយនេះ។ រឿងនេះបានធ្វើឲ្យអ្នករកស៊ីតាមកម្មវិធី AdSense ភាគច្រើន មានការអស់សង្ឃឹម អស់ផ្លូវ មានការភ័យខ្លាច និងបាត់បង់ ជំនឿចិត្តចំពោះជំនួញមួយនេះ ដែលអាចរាប់ទុកបានថាជា សុបិន្តអាក្រក់មួយសម្រាប់ជើងថ្មី (Newbies)។ ណ្ហើយចុះ! យើងនឹងធ្វើការពិភាក្សាជាមួយគ្នាបន្ថែមទៀតចំពោះ រឿងនេះនៅពេលក្រោយ។

 

ពិភពលោកថ្មីមួយ ដែលហៀបនឹងចាប់ផ្តើម‬

តើពិភពលោកមួយដែលត្រូវចាប់ផ្តើម ត្រូវការអ្វីខ្លះ?
ការធ្វើវិបសៃថ៍ថ្មីមួយសម្រាប់អ្នកធ្វើការលើ អេដសិនស៍នៅពេលនេះ គឺមិនមានសណ្ឋានដូចជាពេលមុន។ រម្លឹករឿងចាស់បន្តិច! កាលពីមុន គេបង្រៀនអ្នកឲ្យធ្វើ វិបសៃថ៍ដោយមិនសូវខ្វល់ខ្វាយពីអ្វីទាំងអស់ គឺទិញ Domain Hosting និងអត្ថបទ រួចដាក់កូដ អេដសិនស៍ ផុសចូលគ្រុប ហ្វេសប៊ុក និងជាលទ្ធផលចុងខែគឺបើកលុយ។ ជាការពិតអ្នក ដែលរកលុយបានច្រើនៗ ភាគច្រើនគឺធ្វើបែបនេះឯង។ នៅពេលនេះ យើងគិតគូរអំពីគុណភាពនៃវិបសៃថ៍តាមក្បួនខ្នាត អត្ថបទដែលត្រឹមត្រូវ (Keyword optimized and good structure contents) ។ល។

 

ខាងក្រោមនេះគឺជាបក្សីពីរក្បាលដែលអ្នកត្រូវប្រមាញ់យក ដោយប្រើប្រាសតែព្រួញមួយ៖

 

‪‎ភាពល្អិតល្អន់នៃវិបសៃថ៍ថ្មីរបស់អ្នក
– Niche: ចំណុចសំខាន់បំផុតដែលអ្នកត្រូវការ នោះគឺ តើត្រូវធ្វើវិបសៃថ៍ ថ្មីមួយនេះអំពីអ្វី? ដូច្នេះអ្នកត្រូវស្វែងរកទិន្នន័យនេះដើម្បី ធ្វើការ វាយតម្លៃ និងជ្រើសរើសយក Niche មួយណាដែលអ្នកត្រូវធ្វើ។ Niche វាមានការពាក់ព័ន្ធទៅដល់រឿង CPC។ Niche ខ្លះទោះបីខំសរសេរ អត្ថបទល្អយ៉ាងណា ក៏មិនបានថ្លៃ និងប្រយោជន៍ធំដែរ។ Niche ខ្លះអាចនាំឲ្យអ្នកជួបការលំបាក ក្នុងការបង្កើតអត្ថបទ ព្រោះថា គ្មានអ្នកសរសេរ និងខ្វះឯកសារ ឧទាហរណ៍ដូចជា Niche ទាក់ទងនឹង ជម្ងឺមហារីក (សុខភាព) និងជម្ងឺផ្សេងៗទៀតជាដើម។ ម៉្លោះហើយ បើសិនជាអ្នកត្រូវការអត្ថបទដល់ទៅ មួយម៉ឺនគឺវាទៅមិនរួចនោះទេ។ រីឯ Niche ខ្លះកម្រមានអ្នកស្វែងរក តាមរយះ ម៉ាស៊ីនស្វ័យប្រវត្តិរបស់ Google ណាស់។ Niche មួយចំនួន គឺមានការប្រកួតប្រជែងខ្លាំង ដូច្នេះ យើងក៏មិនអាចធ្វើបានដែរ ព្រោះមានក្រុមហ៊ុនដែលមានខ្នងក្រាស់ មានលុយរាប់លាន ដើម្បីធ្វើវា។ នេះគ្រាន់តែជាគំនិតច្បោលៗប៉ុណ្ណោះ។

– Domain name: នៅពេលទិញឈ្មោះវិបសៃថ៍ អ្នកត្រូវគិតដល់ អនាគតដែលជាលទ្ធផលចុងក្រោយ របស់វា។ តើអ្នកធ្វើវាដើម្បីអ្វី ធ្វើអំពីអ្វី និងរកប្រាក់ចំណូលបានប៉ុន្មាន? តើឈ្មោះវិបសៃថ៍នេះ នៅពេលដែលគេស្តាប់ឮដំបូង គេមានអារម្មណ៍ស្និទ្ធស្នាលប៉ុណ្ណា ចងចាំបានប៉ុណ្ណា តើជាឈ្មោះដែលបង្កើតការគិតបែបវិជ្ជមានដល់ ភ្ញៀវឬអតិថិជនរបស់អ្នកដែរឬទេ? តើវាមានដែនកំណត់ប៉ុណ្ណាដែរ? ហេតុអ្វីត្រូវលើក យកឈ្មោះវិបសៃថ៍ថ្មីនេះ មកនិយាយបែបនេះ? ព្រោះថា វាមានទំនាក់ទំនងគ្នាជាមួយ ចំណុចបន្តបន្ទាប់ទៀត ខាងក្រោម។ សរុបមក ការជ្រើសរើសឈ្មោះ វាជាកត្តាសំខាន់សម្រាប់ អ្នកព្រោះថា អ្នកនឹងត្រូវដាក់ចិត្ត ដាក់កាយ ពេលវេលា ចំណាយថវិកា ការគិត ដែលអ្នកមាន ទៅលើវា ដោយសង្ឃឹមថានឹងបានផលមកវិញ។

– អត្ថបទសម្រាប់វិបសៃថ៍៖ វាជាកត្តាសំខាន់ដែលអ្នកត្រូវចេះ ភាសាអង់គ្លេសជាចាំបាច់ គឺដែលអាចប្រើការបាន មិនខ្សោយពេក ហើយក៏មិនចាំបាច់ទាល់តែខ្លាំង ណាស់ណាដែរ។ ជាការពិត អ្នកនឹងត្រូវ ចំណាយលុយក្នុងការទិញអត្ថបទ ឬចំណាយពេល ក្នុងការសរសេរ ដោយខ្លួនឯង ដើម្បីឲ្យបានអត្ថបទយ៉ាងហោចណាស់ រាប់ពាន់ (គោលដៅនោះគឺរាប់ម៉ឺនអត្ថបទ) ដើម្បីដាក់លើ វិបសៃថ៍ថ្មីនេះ។ ម៉្លោះហើយបានជាអ្នកត្រូវ ចំណាយពេលច្រើន ក្នុងការស្រាវជ្រាវថា តើត្រូវសរសេរវិបសៃថ៍អំពីអ្វី និងត្រូវការ អត្ថបទនោះប៉ុន្មានពាន់? តើត្រូវប្រើពេលប៉ុន្មានឆ្នាំ ប៉ុន្មានខែ ដើម្បីបានអត្ថបទ ឧទាហរណ៍ថា ប្រាំពាន់? ហើយថាតើក្នុងមួយថ្ងៃ ត្រូវការប៉ុន្មានអត្ថបទ សម្រាប់វិបសៃថ៍របស់អ្នក? ត្រូវហើយ ខ្ញុំមានយុទ្ធសាស្រ្ត និងវិធីសាស្រ្ត ក្នុងការបង្កើត អត្ថបទបានរាប់រយ ក្នុងមួយថ្ងៃ ប្រកបដោយគុណភាព ហើយមិនមែនជា អត្ថបទស្ពីន (Spun Articles) ដែលមនុស្សធម្មតាតែងតែធ្វើ នោះទេ ហើយ ក៏មិនមែនវិធីសាស្រ្ត Auto Spin ដូចដែលមនុស្សទូទៅ គិតនោះដែរ ព្រោះវាបង្កប់ដោយ យុទ្ធសាស្រ្ត នៅពីក្រោយជាជាងការប្រើ ម៉ាស៊ីនស្វ័យប្រវត្តិដើម្បីធ្វើវា។ ដោយសារតែ យុទ្ធសាស្រ្តនេះ វាខ្លាំងក្លា អញ្ចឹងហើយ ខ្ញុំក៏មិនងាយចែករម្លែកដោយ Free Free និង មិនបានឆ្លងកាត់ការពិចារណាល្អិតល្អន់នោះដែរ ព្រោះវាអាច ធ្វើឲ្យរំជើបរំជួលដល់ខ្មែរទាំងមូល ហើយក៏អាចថាក្រៅប្រទេសផង។

– ការស្រាវជ្រាវពាក្យគន្លឹះ (Proper Keyword Research)៖ ការស្រាវជ្រាវ ពាក្យគន្លឹះ ដែលអតិថិជនរបស់អ្នកស្វែងរក នៅលើ Google, Yahoo, MSN គឺវាជាកត្តាសំខាន់ខ្លាំងណាស់ ដើម្បីយក Keywords ដែលត្រឹមត្រូវ មកដាក់លើវិបសៃថ៍របស់អ្នក មិនត្រឹមតែ Keywords សម្រាប់វិបសៃថ៍នោះទេ គឺសម្រាប់ Categories និងអត្ថបទ និមួយៗទៀតផង។ មានន័យថា គ្រប់ការងាររបស់អ្នកទាំងអស់ នៅលើវិបសៃថ៍ថ្មីមួយនេះ ត្រូវការការស្រាវជ្រាវ Keywords គ្រប់ពេល។
ម៉្លោះហើយអ្នកត្រូវចេះប្រើប្រាស់ (Google AdWord Keyword Tool) វាជាចាំបាច់។ ជាការពិត អត្ថបទមួយដែល មិនបានឆ្លងកាត់ ការធ្វើ Keyword Research ហាក់បីដូចជា សៀវភៅមួយក្បាល ដែលលាក់ទុកក្នុង បណ្ណាល័យដ៏ចាស់មួយអញ្ចឹង គឺគ្មាននរណា ចូលអាននោះទេ។

 

បណ្តាញសង្គមនិងអត្ថប្រយោជន៍‬

ការបង្កើតវិបសៃថ៍ថ្មីគួរតែ ឆក់ឳកាស ចាប់យកអ្នកទស្សនា មិនត្រឹមតែតាមរយៈ ម៉ាស៊ីនស្វ័យប្រវត្តិរបស់ Google នោះទេ តែយើង នឹងដាក់ឲ្យចំចិត្ត អ្នកចូលចិត្ត អត្ថបទ រូបភាព និងវីដេអូរបស់យើង នៅលើបណ្តាញសង្គមផងដែរ ជាពិសេសគឺ Facebook។ ដូច្នេះ យើងអាចធ្វើការពិចារណា ទៅលើចំណុចមួយចំនួនដូចខាងក្រោម៖

– ឈ្មោះវិបសៃថ៍របស់អ្នក គឺជាឈ្មោះ Fanpage របស់អ្នក។ អញ្ចឹងត្រូវគិត បន្តទៀតហើយថា តើឈ្មោះដែលជ្រើសរើសនោះ វាសមស្របដែរទេ? ចំពោះអ្នកលេង facebook ពេលដែលផុសឬ ផ្សាយទៅ មានអ្នកចូលចិត្ត និងគិតថាមានអត្ថប្រយោជន៍ប៉ុណ្ណា។ ឈ្មោះ Fanpage ខ្លះគ្រាន់តែយើង Invite ឲ្យគេមក Like គឺគេ Like ភ្លាម ព្រោះគេមានអារម្មណ៍ ហាក់ដូចមានទំនុកចិត្ត និងចាប់អារម្មណ៍ យ៉ាងខ្លាំងបាត់ទៅហើយ។ ជាការពិត បើសិនជាយើងអាច កំណត់ការផុស និងផ្សព្វផ្សាយរបស់យើង ទៅលើក្រុមគោលដៅ ណាមួយនោះ យើងអាចទទួលបាននូវការគាំទ្រច្រើនជាង មិនបានកំណត់ និងធ្វើចំណែកថ្នាក់ច្បាស់លាស់។ Fan របស់ Justin Bieber អាចចូលចិត្តចម្រៀង សម័យថ្មី បែបយុវវ័យ តែគឺមិនសូវ សម្បូរចាស់ៗនោះទេ។

– Graphic Design: ការរចនា ឡូហ្គោ (Logo) រូបភាពសម្រាប់ Website’s header & Fanpage Cover។ បើតាមបទពិសោធន៍របស់ ខ្ញុំចំណុចនេះគឺជារឿងមួយដែលមិនគួរ មើលរម្លងនោះទេ។ នៅលើ Facebook បើសិនជាមាននរណាម្នាក់ ចុច Like Fanpage របស់អ្នក មិត្តរបស់គេនឹងអាចមើលឃើញពីសកម្មភាពនេះ គឺគេអាចមើលឃើញ Fanpage Cover ដែលជាទូទៅយើងត្រូវ ធ្វើវាឲ្យមានភាពទាក់ទាញ ត្រូវចិត្ត ត្រូវអារម្មណ៍អ្នកទាំងនោះ។ រូបភាពខ្លះ គ្រាន់តែគេឃើញភ្លាម គេចុច Like ភ្លាម អញ្ចឹងហើយ វាអាចធ្វើឲ្យអ្នក រកបានអតិថិជន ដោយមិនបាច់ប្រឹង និងចំណាយលុយ។ បើសិនជាលុយគេ ដាក់ចោល នៅលើតុទៅហើយ ទាំងគ្មាននរណាយកនោះ យើងគួរតែរើសវាយកមក។

– ការផ្សាយពាណិជ្ជកម្មដែលចំណាយតិចបំផុត៖ តាមធម្មតា ពេលយើង ចង់បានសមាជិកចូល Like Fanpage របស់យើង គឺយើងតែងតែ ប្រាប់គេ និងចុច Invite Friends ដើម្បីឲ្យជួយ Like page ថ្មីនោះ។ តែធ្វើបែបនេះ ទោះបីជាខំធ្វើយ៉ាងណា ក៏មិនអាចរកបាន រាប់សែន និងលាន Fan បានដែរ។ នេះហើយ ដែលជាចំណុចស្លាប់រស់របស់ អ្នកលេង Fanpage។ ដូច្នេះ ដើម្បីឲ្យអ្នកទទួលបានការចូលរួមច្រើន យើងត្រូវចំណាយលុយខ្លះ ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម។ ជាការពិត ការផ្សាយពាណិជ្ជកម្មនេះ វាចែកចេញជាពីរធំៗគឺ៖

ក- Boost Page Like: ផ្សាយទាញយកអ្នក Like ចូលក្នុង Fanpage តែម្តង។ គឺយើងចំណាយលុយចំពោះ អ្នកចូល Like។ បើអ្នកកំណត់ថា 1Like = 0.01$ នោះមានន័យថា 100 Likes ស្មើនឹង 1$។ ចុះបើមួយលាន Likes នោះស្មើនឹង 10,000$។ មើលទៅទម្រាំតែបាន មួយលាន Likes គឺត្រូវចំណាយច្រើនណាស់។ តែអ្វីដែលខ្ញុំនិយាយនេះ (0.01$) អាចរកអ្នក Like បានសម្រាប់តែនៅប្រទេសខ្មែរ ថៃ ឡាវ និងវៀតណាម ទេ។ បើចង់បានភ្ញៀវបរទេសដូចជាអឺរ៉ុប និង អាគាំង គឺថ្លៃណាស់។ អញ្ចឹងការចំណាយគឺ កាន់តែច្រើន។ តែខ្ញុំមានវិធីបន្ថែមទៀត ដូចខាងក្រោម៖

ខ- Boost Post: ការផ្សាយពាណិជ្ជកម្មបែបនេះ វាមានអត្ថប្រយោជន៍ ផ្សេងទៀត ខុសពីចំណុច (ក) ខាងលើបន្តិច។ ព្រោះថា វាចំណាយថវិកាតិច និងចំណេញច្រើន។ តាមបទពិសោធន៍របស់ខ្ញុំ គឺអាចទាញយកបាន Like = 0.0001$ – 0.0005$។ ដែលនេះគឺជា ចំណុចក្តៅគគុក ដែលមនុស្សជាច្រើនកំពុងតែជជីកសួរ មកកាន់ខ្ញុំ។ ហេតុអ្វីត្រូវ Boost Post? ព្រោះថា វាជួយឲ្យយើងបាន Like (Post) ច្រើន អ្នកមើលឃើញច្រើន ចំណាយតិច ហើយក៏អាចមានអ្នក Like Fanpage របស់យើងផងដែរ។ ចំណុចសំខាន់នោះគឺ ចំណុចទីមួយ គឺមានអ្នក Like (Post) ច្រើន។ នៅពេលមានអ្នក Like (Post) ច្រើន យើងអាចធ្វើការ Invite អ្នកដែល Like ទាំងអស់នោះ ឲ្យចូល Like page របស់យើងទៀតផង។ ជាការពិត បើសិនជា ឈ្មោះ Fanpage របស់យើង មានភាពទាក់ទាញ នោះគេនឹង Like ភ្លាម។ ឧទាហរណ៍ ដូចជា គ្រាន់តែ ប្រុសៗ ឃើញ Fanpage មួយដែលមានឈ្មោះថា “ម្អមស្រែ ថែខ្លួន” នោះគឺគេចាប់អារម្មណ៍ភ្លាម។ ជាការពិត ឈ្មោះ “ម្អមស្រែ ថែខ្លួន” គឺខុសពីឈ្មោះ “ម្អមស្រែ” តែមួយម៉ាត់។ “ម្អមស្រែ ថែខ្លួន” មានភាពទាក់ទាញជាង។ នេះគ្រាន់តែជា ឧទាហរណ៍មួយប៉ុណ្ណោះ។ ខ្ញុំធ្លាប់ចំណាយ ប្រហែលជា 1 ដុល្លារ រកបានអ្នក Like (Post) លើសពី 2500នាក់ ហើយអ្នកដែល Like (Page) 145 នាក់។ ដូច្នេះធ្វើបែប នេះវាចំណេញច្រើនខ្លាំង ជាជាងចំណាយលុយសុទ្ធសាធ។ ក្រុមរបស់ខ្ញុំ ក៏បានព្យាយាមសរសេរកូដមួយផងដែរ ដើម្បីឲ្យជួយសម្រួលក្នុងការ Auto Invite គឺមិនចាំបាច់ឲ្យយើង ហត់អង្គុយចុច Invite ជារៀងរហូត នោះទេ។

 

“ព្រួញមួយបាញ់សត្វពីរ” គឺជាយុទ្ធសាស្ត្រដែលអ្នកធ្វើជំនួញ ចម្បាំង និងកិច្ចការងារប្រទេសជាតិ រើសយកមកប្រើ។ បើសិនជាអ្នក ចេះប្រើប្រាសក្បួននេះ ឲ្យបានគ្រប់ជ្រុងជ្រោយនៃការងារ របស់អ្នក វាហាក់បីដូចជា លីវប៉ី បានខុងមីង ស៊ុនឈានបានលូស៊ូ ឆាវឆាវ បានស៊ីយ៉ូវ ហូវលីបានស៊ុនអ៊ូ លីវប៉ាងបាន ចាងលាង និងហានស៊ីង ម៉ៅសេទុង បាន ជូអេងឡាយ អញ្ចឹងដែរ។

 

មានគំនិតទាំងអស់នេះហើយ ហាក់បីដូចជាមាន ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ មកចាំជួយអ្នក។ ដែលនេះ មិនហាក់បីដូចជា មានទ័ពមួយសែននាក់ធ្លាក់ពីលើមេឃ មកចាំជួយទេឬអ្វី?
ខាងលើនេះ គ្រាន់តែជាចំណុចច្បោលៗ មិនបានបញ្ជាក់ពី របៀបពិតប្រាកដដើម្បីធ្វើរឿងនឹងនោះទេ លុះត្រាតែមានការ ថតជាវីដេអូ និងសេចក្តីពន្យល់បន្ថែមទៀត ដើម្បីបង្ហាញពីរបៀបធ្វើ ទើបមានភាពច្បាស់លាស់ជាងនេះទៀត។ ខ្ញុំសង្ឃឹមថា អត្ថបទ ខាងលើនេះ អាចជួយជាគំនិតដល់អ្នកខ្លះៗដើម្បី ឲ្យចំណេញពេល និងធ្វើកិច្ចការទៅ មិនសូវខ្វល់ខ្វាយអំពីរឿងខុស ឬខាតប្រយោជន៍។ នេះគេហៅថា ការគិតប្រកបដោយភាពល្អិតល្អន់ (Critical Thinking)។
ប៉ុណ្ណឹងសិនចុះ មិនទាន់បានកែនោះទេ ព្រោះត្រូវសរសេរតទៀត! សំណេរលឿន អាចមិនសូវរលូន។
=========

 

និពន្ធដោយ៖ ស៊ូគូ ហុង

ត្រួតពិនិត្យអក្ខរាវិរុទ្ធដោយ៖ ម្យូរ៉ា ត្រដាងស្លាប

 

ឯកសារយោង៖
Two Birds One Stone Theory: http://www.ask.com/…/did-phrase-kill-two-birds-one-stone-co…
http://www.wisegeek.com/what-does-it-mean-to-kill-two-birds
Relativity Theory: http://kumnit.com/article/945
Does Time Really Exist: https://www.youtube.com/watch?v=_vrwsXFcREY